
[៨២] គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលសួរដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានស្ដាប់ចំពោះព្រះភក្រ្ត នៃព្រះដ៏មានព្រះភាគ បានទទួលចំពោះព្រះភក្រ្ត នៃព្រះដ៏មានព្រះភាគ យ៉ាងនេះថា ម្នាលអានន្ទ ភិក្ខុឈ្មោះ អភិភូ ជាសាវករបស់ព្រះពុទ្ធសិខី ស្ថិតនៅឯព្រហ្មលោក បានញុំាងលោកធាតុ ទាំង១០០០ ឲ្យដឹងច្បាស់ ដោយសំឡេងបាន។ បពិត្រព្រះអង្គដ៏ចំរើន ចុះព្រះដ៏មានព្រះភាគ ជាអរហន្ត សម្មាសម្ពុទ្ធ អាចញុំាងលោកធាតុ មានប្រមាណត្រឹមណា ឲ្យដឹងច្បាស់ ដោយសំឡេងបាន ម្នាលអានន្ទអភិភូនោះ ជាសាវក ឯព្រះតថាគតទាំងឡាយ មានអានុភាព ប្រមាណមិនបាន ទេ។ ព្រះអានន្ទដ៏មានអាយុ ក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគ ជាគំរប់២ដង ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានស្ដាប់ចំពោះព្រះភក្រ្តព្រះដ៏មានព្រះភាគ យ៉ាងនេះថា ម្នាលអានន្ទ ភិក្ខុឈ្មោះ អភិភូ ជាសាវករបស់ព្រះពុទ្ធសិខី ស្ថិតនៅឯព្រហ្មលោក ញុំាងលោកធាតុ ១០០០ ឲ្យដឹងច្បាស់ ដោយសំឡេងបានបពិត្រព្រះអង្គដ៏ចំរើន ចុះព្រះដ៏មានព្រះភាគ ជាអរហន្ត សម្មាសម្ពុទ្ធ អាចញុំាងលោកធាតុ មានប្រមាណត្រឹមណា ឲ្យដឹងច្បាស់ ដោយសំឡេងបាន។
ម្នាលអានន្ទ អភិភូនោះ ជាសាវក ឯព្រះតថាគតទាំងឡាយ មានអានុភាព ប្រមាណមិនបានទេ។ ព្រះអានន្ទដ៏មានអាយុ ក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគ ជាគំរប់៣ដង ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានស្ដាប់ចំពោះព្រះភក្រ្តព្រះមានព្រះភាគ បានទទួលចំពោះព្រះភក្រ្តព្រះមានព្រះភាគ យ៉ាងនេះថា ម្នាលអានន្ទ ភិក្ខុឈ្មោះ អភិភូ ជាសាវករបស់ព្រះពុទ្ធសិខី ស្ថិតនៅឯព្រហ្មលោក ញុំាងលោកធាតុ ១០០០ ឲ្យដឹងច្បាស់ ដោយសំឡេងបាន បពិត្រព្រះអង្គដ៏ចំរើន ចុះព្រះដ៏មានព្រះភាគ ជាអរហន្ត សម្មាសម្ពុទ្ធ អាចញុំាងលោកធាតុ មានប្រមាណត្រឹមណា ឲ្យដឹងច្បាស់ ដោយសំឡេងបាន។ ម្នាលអានន្ទ លោកធាតុតូច១០០០ អ្នកបានស្ដាប់ហើយ។ បពិត្រព្រះដ៏មានព្រះភាគ ជាកាលគួរនឹងសំដែងរឿងនុ៎ះហើយ។ បពិត្រព្រះសុគត ជាកាលគួរនឹងសំដែងរឿងនុ៎ះហើយ ព្រោះថាព្រះដ៏មានព្រះភាគ សំដែងធម៌ណា ភិក្ខុទាំងឡាយ បានស្ដាប់ព្រះដ៏មានព្រះភាគហើយ នឹងចាំទុកនូវធម៌នោះ។ ម្នាលអានន្ទ បើដូច្នោះ អ្នកចូរស្ដាប់ ចូរធ្វើទុកក្នុងចិត្ត ឲ្យប្រពៃចុះ តថាគតនឹងសំដែងប្រាប់។ ព្រះអានន្ទដ៏មានអាយុ បានទទួលស្ដាប់ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។
ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលអានន្ទ ព្រះចន្រ្ទ និងព្រះអាទិត្យ ដ៏រុងរឿង គោចរទៅ បំភ្លឺទិសទាំង ឡាយ បានត្រឹមណា ត្រឹមណោះ ជាលោកមួយ (ត្រូវកំណត់យកលោកនោះ)១០០០ ក្នុងលោកដែលកំណត់ ១០០០ដងនោះ មានព្រះចន្រ្ទ ១០០០ព្រះអាទិត្យ ១០០០ សេ្ដចភ្នំសិនេរុ ១០០០ ជម្ពូទ្វីប ១០០០ អបរគោយានទ្វីប ១០០០ឧត្ដរកុរុទ្វីប ១០០០ បុព្វវិទេហទ្វីប ១០០០ មហាសមុទ្រ ៤០០០ មហារាជ (លោកបាល) ៤០០០ ស្ថានចាតុម្មហារាជិកៈ ១០០០ ស្ថានតាវត្តិង្ស ១០០០ស្ថានយាមៈ ១០០០
ស្ថានតុសិត ១០០០ ស្ថាននិម្មានរតី ១០០០ ស្ថានបរនិម្មិតវសវត្តី ១០០០ ព្រហ្មលោក ១០០០។ ម្នាលអានន្ទ នេះហៅថា សហស្សីចូឡនិកាលោកធាតុ(១) (លោកធាតុតូច)។ ម្នាលអានន្ទ សហស្សីចូឡនិកាលោកធាតុកំណត់ត្រឹមណា ត្រឹមណោះ ទុកជាលោកមួយ (លោកនោះកំណត់) ១០០០ដង ម្នាលអានន្ទ នេះហៅថា ទ្វិសហស្សីមជ្ឈិមិកាលោកធាតុ(២) ។ ម្នាលអានន្ទ ទ្វិសហស្សីមជ្ឈិមិកាលោកធាតុត្រឹមណា ត្រឹមណោះ ជាលោកមួយ (លោកនោះកំណត់) ១០០០ដង ម្នាលអានន្ទ នេះហៅថា តិសហស្សីមហាសហស្សីលោកធាតុ(៣) ។
(១) អដ្ឋកថាន័យ សេចក្តីថា ភពផែនដី ដែលកំណត់ដោយព្រះអាទិត្យ១ ព្រះចន្ទ្រ១ អាចផ្សាយរស្មីភ្លឺបានត្រឹមណា ទីត្រឹមណោះ ទុកជាលោកធាតុ១ ឬចក្រវាឡ១។ (២) កំណត់យកលោកធាតុ ឬចក្រវាឡមួយៗនោះ មួយពាន់ដង ហៅថា មួយសហស្សីចូឡនិកាលោកធាតុ។ កំណត់យកសហស្សីចូឡនិកាលោកធាតុនោះ មួយពាន់ដង ហៅថា មួយទ្វិសហស្សីមជ្ឈិមិកាលោកធាតុ។ លោកធាតុទី២នេះ ហួសវិស័យសាវកហើយ ជាវិស័យរបស់ព្រះពុទ្ធប៉ុណ្ណោះ។ ដែលហៅថា ជាតិក្ខេត្តរបស់ព្រះពុទ្ធនោះ សំដៅយកលោកធាតុទី២នេះឯង គឺក្នុងថ្ងៃ ដែលព្រះពោធិសត្វ ច្យុតចាកទេវលោក មកចាប់បដិសន្ធិ ក្នុងបច្ឆិមភពក្តី ថ្ងៃប្រសូតិក្តី ថ្ងៃចេញមហាភិនិស្ក្រមន៍ក្តី ថ្ងៃត្រាស់ដឹងក្តី ថ្ងៃសំដែងធម្មចក្កប្បវតនសូត្រក្តី ថ្ងៃដាក់អាយុសង្ខារក្តី ថ្ងៃបរិនិព្វានក្តី លោកធាតុទាំងប៉ុណ្ណោះ កម្រើកញាប់ញ័រ។ (៣) កំណត់យកទ្វិសហស្សីមជ្ឈិមិកាលោកធាតុនោះ មួយពាន់ដង ហៅថា មួយតិសហស្សីមហាសហស្សីលោកធាតុ។ បើព្រះសម្ពុទ្ធ ប្រាថ្នាផ្សាយព្រះសរីរោភា កំចាត់បង់ងងឹត ក្នុងទីមានប្រមាណប៉ុណ្ណេះ ព្រះអង្គ អាចផ្សាយបាន ឥតមានទើស។ ទីប៉ុណ្ណេះហើយ ដែលហៅថា អាណាខេត្ត គឺអំណាចអាដានាដិយបរិត្ត ឥសិគិលិបរិត្ត ធជគ្គបរិត្ត ពោជ្ឈង្គបរិត្ត ខន្ធបរិត្ត មោរបរិត្ត មេត្តបរិត្ត និងរតនបរិត្ត ដែលព្រះសម្ពុទ្ធ ទ្រង់សំដែងហើយ អាចផ្សាយដល់ទីប្រមាណប៉ុណ្ណោះ។
ម្នាលអានន្ទ កាលបើតថាគតប្រាថ្នា គប្បីញុំាងតិសហស្សីមហាសហស្សីលោកធាតុ ឲ្យដឹងច្បាស់ ដោយសំឡេងបានឬថា គប្បីប្រាថ្នាដល់ត្រឹមណាក៏បាន(១) ។ បពិត្រព្រះអង្គដ៏ចំរើន ចុះព្រះដ៏មានព្រះភាគ គប្បីញុំាងតិសហស្សីមហាសហស្សីលោកធាតុ ឲ្យដឹងច្បាស់ ដោយសំឡេងបាន ឬថា គប្បីប្រាថ្នាដល់ត្រឹមណាក៏បាន តើដូចម្ដេច។ ម្នាលអានន្ទ ក្នុងលោកនេះ តថាគត ផ្សាយរស្មីទៅកាន់តិសហស្សីមហាសហស្សីលោកធាតុ កាលណា ពួកសត្វទាំងនោះ ស្គាល់ច្បាស់នូវពន្លឺនោះបានក្នុងកាលនោះ តថាគតគប្បីធ្វើនូវសំឡេងឲ្យគឹកកង ញុំាងសំឡេងឲ្យលាន់ឮ
(១) សំដៅយកវិសយក្ខេត្ត ៗរបស់ព្រះពុទ្ធនេះ ប្រមាណមិនបាន ឥតមានទើសទាល់ឡើយ។ ចំនួនចក្រវាឡនោះ ច្រើនហួសនឹងគណនាបាន ឧបមាដូចជាបុគ្គលវិសេសណាមួយ ចង់ដឹងចំនួនចក្រវាឡ ហើយយកគ្រាប់ស្ពៃ ដែលពេញពីផែនដី ដល់ព្រហ្មលោក ក្នុង១សែនកោដិចក្រវាឡ ទៅរកចក្រវាឡ ក្នុងទិសខាងកើត ឃើញចក្រវាឡ១ ហើយដាក់គ្រាប់ស្ពៃ១គ្រាប់ ឃើញចក្រវាឡប៉ុន្មាន ក៏ដាក់គ្រាប់ស្ពៃប៉ុណ្ណោះ យ៉ាងនេះ គ្រាប់ស្ពៃទាំងឡាយអស់នោះ មិនគ្រាន់អស់មុន ឯចក្រវាឡ នៅតែមានច្រើនទៅទៀត។ ចំណែកចក្រវាឡ ក្នុងទិសឯទៀត ក៏មានន័យដូចគ្នាដែរ។
ម្នាលអានន្ទ តថាគត គប្បីញុំាងតិសហស្សីមហាសហស្សីលោកធាតុឲ្យដឹងច្បាស់ ដោយសំឡេងបាន ឬថា គប្បីប្រាថ្នាដល់ណា ក៏បានយ៉ាងនេះឯង។ កាលបើព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះអានន្ទដ៏មានអាយុ បានក្រាបទូល យ៉ាងនេះថា ឱ ជាលាភរបស់ខ្ញុំព្រះអង្គហើយខ្ញុំព្រះអង្គ ឈ្មោះថា បានល្អហើយ ព្រោះថា ព្រះសាស្ដារបស់ខ្ញុំព្រះអង្គ មានឫទ្ធិច្រើន យ៉ាងនេះ មានអានុភាពច្រើន យ៉ាងនេះ។ កាលបើព្រះអានន្ទដ៏មានអាយុ និយាយយ៉ាងនេះហើយ ព្រះឧទាយិដ៏មានអាយុ ក៏និយាយតបនឹងព្រះអានន្ទដ៏មានអាយុ ដូច្នេះថា ម្នាលអាវុសោអានន្ទ ប្រសិនបើព្រះសាស្ដារបស់អ្នក មានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ តើអ្នកនឹងបានអ្វី ក្នុងដំណើរនុ៎ះ។ កាលបើព្រះឧទាយិដ៏មានអាយុ និយាយយ៉ាងនេះហើយ ព្រះដ៏មាន ព្រះភាគ ទ្រង់ត្រាស់នឹងព្រះឧទាយិដ៏មានអាយុ ដូច្នេះថា ម្នាលឧទាយិ អ្នកកុំនិយាយយ៉ាងនេះឡើយ ម្នាលឧទាយិ បើអានន្ទ មិនទាន់ប្រាសចាករាគៈ យ៉ាងនេះ ហើយគប្បីធ្វើមរណកាល ដោយចិត្តជ្រះថ្លានោះ អានន្ទគប្បីសោយទេវរជ្ជសម្បត្តិ ក្នុងទេវលោក ៧ដង សោយមហារជ្ជសម្បត្តិ ក្នុងជម្ពូទ្វីបនេះ ៧ ដង ម្នាលឧទាយិ តែថា អានន្ទនឹងបរិនិព្វាន ក្នុងអត្តភាពជាបច្ចុប្បន្ននេះ។
ចប់ អានន្ទវគ្គ ទី៣។
បិដក ភាគ ៤១ - ទំព័រទី ៣១២
No comments:
Post a Comment